១ការរើសទីតាំង
បើកសិដ្ឋានយើងជាដីទូលាយ តោងយកទីទាបជាងគេដាំក្រូច។ បើកសិដ្ឋានជាដីស្រែលើ នោះជាទូទៅទឹកលិចត្រឹមស្មង ឬជង្គង់។ បើយើងនៅតាមដងស្ទឹង ឬទន្លេ ដីយើងជួនទឹកមិនលិច ជួនទឹកលិចត្រឹមជង្គង់ ឬលើជង្គង់បន្តិចក៏អាចដាំក្រូចបាន រីឯទីទឹកលិច ដល់ត្រឹមចង្កេះគួរដាំស្វាយ។ ទីតាមស្ទឹងទន្លេ គួរដាំឫស្សីជារបាំងខ្យល់តាមព្រុំ ដើម្បីកុំអោយខ្យល់បោករំលំដំណាំនានា នៅរដូវវស្សាពេលទឹកលិច។
២ការជ្រើសរើសពូជ
ការទិញយកពូជពីផ្សាររកភាពប្រាកដពុំឃើញ បើសិនណាជាយើងដឹងថា ទីណាជិតៗមានក្រូចឃ្វិច ដែលយើងចូលចិត្ត ត្រូវអោយគេសាកអោយ ២-៣មែក ឬទិញផ្លែទំរបស់គេក៏បាន។ ពេលនេះយើងនិយាយពីការរើសពូជ តាមការទិញពីផ្សារនូវផ្លែដែលយើងចូលចិត្ត ។ ក្រូចឃ្វិចមាន ច្រើនបែបខុសគ្នាដោយ សណ្ឋានរាងរៅ ។ ប៉ុន្តែយើងគួរដាំពួកផ្លែប៉ុនកដៃ ដែលក្រអូបឈ្ងុយ ។ ព្រោះពួក នេះល្មោភផ្លែ។ យើងយកផ្លែច្រើន លក់ថោក ដើម្បីតំរូវការកូនសិស្សតូចៗផង។ ផ្លែដែលរើសយកមក សូមកុំអាលបកហូប ។ ត្រូវរៀបថង់បណ្ដុះសិន សឹមបកហូបសាច់ ហើយយកគ្រាប់កប់ដីបណ្ដុះតែម្ដង ។ ព្រោះគ្រាប់ក្រូចពុំអាចហាលសិនទើបបណ្ដុះបានទេ ។ បើហាលគ្រាប់វាស្វិតតែម្ដង។ ត្រូវរើសយកផ្លែនៅមុនចូលឆ្នាំចិន ព្រោះច្រើនជំពូកដែលមានផ្លែទំនៅមុនចូលឆ្នាំចិន ទើបមានតំលៃ ហើយងាយធ្វើអោយផ្អែមផង។
៣ការបណ្ដុះគ្រាប់
រើសយកថង់ដែលញាត់ដីហើយបានប៉ុនភ្លៅ កំពស់១ចំអាម ឬយកបំពង់ឫស្សីធំៗ ទំលាយថ្នាំង ។ លាយដីកណ្ដេងដែលសំបូរអាចម៍ជន្លេន ជាមួយជីកំប៉ុស៍អោយស្មើភាគគ្នា ។ តំរៀបថង់ ឬបំពង់ដីនៅ ទីមានម្លប់ខ្លះ កំដៅខ្លះ ។ បើត្រូវការកូន ៤០ ត្រូវរៀបថង់ ៧០ ។ គ្រាប់ដែលទើបហូបហើយយកលាងទឹកអោយជ្រះស្អាតសិន ដើម្បីកុំអោយស្រមោចរោមស៊ីជាតិផ្អែម ដែលបណ្ដាលអោយដាច សំបក រហូតដល់ស៊ីទាំងសាច់គ្រាប់ខូចខាតអស់តែម្ដង ។ ក្នុង ១ថង់ត្រូវដាក់ ៦-៧គ្រាប់ ។ គ្រាប់មួយៗច្រើនដុះ២ដើម ។ បានជាយើងដាក់ច្រើនគ្រាប់ ព្រោះដើម្បីទុកសំរាំងយកដើមស្ទុះល្អជាងគេតែ ១ ដាក់គ្រាប់់ហើយត្រូវរោយដីម៉ត់លុបតិចៗ និងរាយកំទេចចំបើងពីលើ ធ្វើយ៉ាងណាអោយជិតគ្រាប់ ទើបស្រមោចមិនស៊ី ។ ស្រោចទឹកថង់រាល់ ២ថ្ងៃម្ដង ។ ពេលគ្រាប់ដុះបានកូន១ចង្អុលដៃហើយ ត្រូវដកកូនតូចៗ ចេញបណ្ដើរៗ លុះត្រាដល់កូនកំពស់បាន១ចំអាម ទើបសំរេចទុកតែ១ ដែលខ្ពស់ជាងគេ ក្នុងថង់នីមួយៗ ។ នេះគឺជាការសំរាំងកូន១ តាមរូបភាពជាក់ស្ដែង ។ យើងត្រូវការ៤០ដើម តែយើងរៀបថង់ដល់៧០នោះ គឺសំរាប់ជ្រើសយកកូនល្អក្នុងពួកល្អទៀត ។ កូនក្នុងថង់ត្រូវឧស្សាហ៍ស្រោចទឹកនោម ឬជីកំប៉ុសទឹកលាយ៣ត្រឡោកក្នុង១ប៉ោតទឹក រាល់២ថ្ងៃម្ដង ដើម្បីអោយវាស្ទុះលឿន ទើបឈ្នះពួកដង្កូវ ។
៤ការរៀបរណ្ដៅ
នៅទីដីទួលត្រូវជីករណ្ដៅខ្នាត ០.៨ម x ០.៨ម ហើយរៀបដីដូចគ្នាក្នុងមេរៀនដាំឫស្សី ។ ចំងាយ៦ម៉ែត្រពីដើម១ ទៅដើម១ ។ នៅលើដីស្រែចាស់ដែលទឹកតែងដក់ពាក់កណ្ដាលស្មង ឬត្រឹមជង្គង់ ត្រូវរៀបរណ្ដៅដូចគ្នានឹងរណ្ដៅចេក ដែលដាំនៅក្នុងដីកសិដ្ឋាន ដែលជាស្រែចាស់ មានទឹកលិចដូចគ្នា តែមិនធ្វើប្រឡាយទេ ។ នៅតាមដងស្ទឹង មាត់ទន្លេ ដែលជួនគ្មានទឹកលិច ជួនលិចត្រឹមជង្គង់ នោះការរៀបរណ្ដៅ ពុំចាំបាច់ប្រើកំលាំច្រើនទេ គឺយកកូន ដែលបណ្ដុះដោយបំពង់ឫស្សីមកដាំ ព្រោះបំពង់ស្សីវាកំពស់ ជិតត្រឹមជង្គង់ស្រាប់ ។ ឯទីសំរាប់ដាំត្រូវកាប់ផ្លាក់ ឬភ្ជួរមិនចាំបាច់ រាស់តាំងពីពេលអស់ភ្លៀង ។
៥ការដាំ
យើងដាំនៅក្រោយចូលឆ្នាំខ្មែរ ដើម្បីដាំរួចអាចដាំពោតបាននៅតាមចន្លោះ នាចុងខែ៤ ឬដើមខែ៥ ។ រណ្ដៅគ្រប់ប្រភេទ មុនដាំត្រូវថែមជីកំប៉ុស២បង្គី រាយរួចកាប់ច្របល់លាយជាមួយដីក្នុងរណ្ដៅអោយសព្វ រួចកាយក្រឡុកស្រោចទឹកអោយជោគនៅ២ម៉ោងមុនដាំ។ ក្រូចជាប្រភេទដើមតូច សំបូរឫសខាង យើងអាចដាំ ដោយគ្រាន់តែស្រោចទឹកបន្តិចជិតគល់ អោយដីជ្រាយ យកចង្អុលដៃរុកចុះ សៀគល់អែបឫសកែវ ដល់ជំរៅ២ថ្នាំងដៃ យកចុងកូនកាំបិតមុតស្រួចចាក់ផ្ដាច់ឫសកែវចោល ទើបហុចផលខ្ពស់ ។ កាត់ឫសកែវចោលហើយ បើដាំនៅដីទួល ឬក្នុងស្រែចាស់ដែលបានលើករណ្ដៅខ្ពស់ហើយនោះត្រូវ យកកូនដាក់ថង់មកហែកថង់ ចេញទើបដាក់កូនចំរណ្ដៅដែលវែកទុក ។ សង្កត់អង្កៀកដុំដីរំកូនអោយធ្ងន់ដៃបន្តិច ដើម្បីអោយកូនឋិតនៅត្រង់ ក្នុងពេលស្រោចទឹក ។ ទាញដីម៉ត់មកលប់បង្ហាប់ដោយដៃទប់គល់អោយនឹង ។ ដីអែបគល់ឡើងកំពុង គ្របរណ្ដៅដោយសំរាម សង្កត់ធាងដូង ការពារកុំអោយមាន់កកាយ ។ បាំង កំដៅថ្ងៃ ដោយធាងដូង ព្រោះកូនក្រូចចាញ់កំដៅថ្ងៃណាស់ ។ លើដីដងស្ទឹង ឬទន្លេ ដែលជួនកាលទឹកលិចត្រឹមជង្គង់ ឬលើជង្គង់ ត្រូវដាក់បំពង់បណ្ដុះកូននៅត្រង់ចំណុចត្រូវដាំ ។ យកពូថៅតូចមកពុះបំពង់ច្រៀកច្រើនកន្លែង ទាញញែកចេញអោយប្រហោងជុំវិញ ។ យកដុំដី២-៣ទប់បំពង់អោយឈរត្រង់ ។ យកចបកាប់ជំរះស្មៅ ឬដីសើរលើជុំវិញ ប្រមូលមកទប់បំពង់លុះដល់ដីខ្ពស់ជិតមាត់បំពង់ ។ បើចង់ស្រូតរូតដាំអោយរួចនៅថ្ងៃទី១ ក៏បានដោយគ្រាន់តែជំរះទាញដីទប់បំពង់អោយហ្នឹងទុកសិន ។ នៅថ្ងៃទី២ ទី៣ ត្រូវមកជំរះទាញដីទប់បំពង់ថែម ។ យកកូនពូថៅពុះច្រៀកបំពង់ថ្នមៗ ហូតចេញម្ដង១ចំរៀកតូច លុះត្រាអស់ទើបជំរះដីពូនថែមរហូតដល់ជិតគល់ ហើយរីកធំដោយធ្វើបណ្ដាក់ច្រើនសារ ។ ស្រោចទឹករាល់២ថ្ងៃ ម្ដងបើគ្មានភ្លៀង ។ ដាំកូនក្រូចក្រោយចូលឆ្នាំ ទោះគ្មានភ្លៀងក្ដី ក៏វាទ្រាំបានដែរ ព្រោះកូនក្រូចបង្អត់ទឹកទុកក្នុងថង់ស្រាប់ គឺវាស៊ាំនិងភាពស្ងូតហើយ ។ មុនដាំត្រូវបោះបង្គោល១ នៅខាងជើងខ្ពស់ជាងកូនក្រូច ដើម្បីចងធាងដូងបាំងកំដៅ ។ ការដាំក្រូចតិចតួចក្នុងកសិដ្ឋានគ្រួសារធ្វើដល់ត្រឹមនេះ អាចឆ្លងផុតតំណាក់កាលការងារធំៗអស់ហើយ ។
៦ការរៀបចំដីអោយមានជីល្អរហូត
ការធ្វើអោយដីមានជីល្អបំផុត លើសវិធីនានា គឺការធ្វើអោយដីមានជន្លេនច្រើន លុះត្រាអាចម៍វាឡើងពោដីក្រម៉ៅ ។ មានតែការធ្វើអោយដីសំបូរអាចម៍ជន្លេនទេ ទើបល្អសព្វយ៉ាង គឺតាំងពីតូច កូនក្រូចឈ្នះសត្វល្អិត ទោះសត្វស៊ីខ្លះក្ដីក៏វាចេញត្រួយ បែកសន្លឹកញាប់ ។ លុះចូលឆ្នាំទី៣ ស៊ឹងតែអស់មានបញ្ហាដង្កូវ ។ ដល់ពេលវាផ្កាផ្លែក៏ពុំមានបញ្ហារលុកស្អុយចោទ ឯផ្លែក៏មាន រសជាតិល្អទៀត ។ រកពូជជន្លេនទ្រកមកដាក់ ប្រមូលសំរាម កំទេចពុកៗ ដើមពោត កាត់តំរៀបពីលើដីតាំងពីជិតគល់ទៅ ។ បើក្រូចធំហើយ តោងគ្របសំរាមចំងាយ ១ម៉ែត្រ ពីគល់ ។ សំរាប់គ្រប់ពួកឈើយកផ្លែ នៅមានជីម្យ៉ាងទៀតដែលយើងពុំទាន់សូវបានលើក វាជាជាតិហ្វូសស្វាតមានប្រភពពីសំបកខ្ចៅ លាស គ្រុំ ងាវ ខ្ចង ។ យើងយកវាមកបាចលើដី ដូចព្រោះស្រូវរាល់២ឆ្នាំម្ដង ដើម្បីជួយអោយឫសចាក់លឿន ផ្លែល្អ ហើយច្រើនផង ។
៧ការដាំដំណាំតាមចន្លោះ
យើងដាំក្រូចហើយនៅក្រោយចូលឆ្នាំ ដល់់ចុងខែ៤ ឬដើមខែ៥ ត្រូវដាំពោតតាមចន្លោះនៅ១ម៉ែត្រពីគល់ក្រូច ។ ដាំពោតនេះមានប្រយោជន៍ច្រើនយ៉ាងៈ ធ្វើម្លប់ដល់កូនក្រូចបានជិត៣ខែ ការធ្វើដីដាំពោត ធ្វើអោយទីដីជុំវិញក្រូចល្អសព្វយ៉ាងដោយហេតុមកពីការជំរះពូនពោតច្រើនសារ ។ មានដើមពោតគ្របដី និងធ្វើជាចំណីដល់ជន្លេន ព្រមទាំងដីសំបូរមមោក ។ អាចដាំចេកតាមចន្លោះ ដើម្បីអោយចេកជួយបាំងថ្ងៃក្នុងរយៈពេល៣ឆ្នាំសិនក៏ល្អដែរ ។ លុះដល់រំលង៣ឆ្នាំ ក្រូចធំ ឯដើមចេកក៏ ឡើងគល់ត្រូវកាប់ចោលដែរ ។ ដាំចេកតាមចន្លោះក្រូចជាវិធីល្អណាស់ ព្រោះកូនក្រូចក្រោមអាយុ៣ឆ្នាំ សុទ្ធតែចាញ់កំដៅ ។ ម្យ៉ាងទៀតការដាំចេកធ្វើអោយដីធូរល្អណាស់ ។
៨ការផ្គត់ផ្គង់ទឹកដល់ក្រូច
តាំងពីដារហូតដល់រៀបផ្លែ ត្រូវកាប់ផ្លាក់ដីចោល២-៣សារ នៅចុងរដូវភ្លៀង ដូចមេរៀនស្ដីពីរបៀបប្រើប្រាស់ទឹកក្រោមដី ។ ការផ្គត់ផ្គង់ទឹករបៀបនេះធ្វើអោយដំណាំក្រូចស្ទុះល្អណាស់ នៅរដូវប្រាំងរាំរិះ ព្រមទាំងបែកត្រួយច្រើនសារទៀតផង ។ ការកាប់ផ្លាក់ ឬភ្ជួររាស់នេះ នៅមានប្រយោជន៍១ទៀត គឺការរៀបដីដាំពោតនៅចុងខែ៤ ឬដើមខែ៥ ។ បើយើងនិយាយថា កាប់ដីទុកដាំពោត នោះក្រូចដូចជារួចអស់ ការរវល់ធំតាំងពីដាំហើយម្លេះ ។
៩ការរៀបចំដីសំរាប់ក្រូចផ្លែហើយ
កាលណាក្រូចពេញអាយុហុចផលហើយ របៀបផ្គត់ផ្គង់ទឹកត្រូវប្រែប្រួល ផ្ទុយគ្នានៅក្នុងរដូវប្រាំង ។ ក្រូចធំត្រូវការឆ្លងកាត់ភាពក្ដៅ ស្រេកទឹក១រយៈសិន ដើម្បីសំរាកលុះដល់មានភ្លៀងធ្លាក់វាចេញផ្កា ។ ដូច្នោះនៅរដូវរំហើយ ដីដាំក្រូចគ្រាន់តែភ្ជួរបក១សារ ពុំចាំបាច់រាស់បំបែកឡើយ គឺយើងទុកអោយទឹកវាហួតចេញចុះ ។ កាប់ដើមចេកតាមចន្លោះចោលនៅឆ្នាំទី៣ ហើយបើមានទៅស្រឡះតូចៗ អាចដាំពោតបាន១ទៅ២ជួរ ។ យើងកុំទុកអោយដីនៅ ទំនេរ ព្រោះដីកាប់បកស្រេច រីឯជន្លេនក៏ត្រូវការកំទេចពុករបស់ដើមពោត ។
១០ការការពារ
ពីតូចត្រូវឧស្សាហ៍ដើរបេះដង្កូវ ស្លឹកខ្មូរៗ ដោយកូនដង្កូវតូចវារពីលើ ហើយទុស្នាមពណ៌ប្រាក់នោះ មិនជាបញ្ហាអ្វីទេ ។ ទាំងដង្កូនស៊ី ទាំងស្លឹកខ្មូរ លុះមានចេញផ្កាម្ដង ក៏សឹងតែបាត់អស់ ។ ទប់ និងដង្កូវដោយជំរុញការលូតលាស់ វិធីសក្ដ័សិទ្ធបំផុត គឺគ្រាន់តែធ្វើអោយដីមានជីល្អតាមការទ្រទ្រង់អោយមានជន្លេនទ្រក ច្រើន ។ កាលដើមនៅតូច ឧស្សាហ៍ស្រោចទឹកនោម ឬជីកំប៉ុសទឹក ខ្នាតលាយ ៣-៤ ត្រលោកក្នុង១ប៉ោតទឹកពីលើស្លឹក ។ ក្រូចធំកាលបើមានជំងឺណា១ចំលែក ធ្វើអោយដើមទ្រាំរស់ ឬល្អពុំបាននោះ យើងពុំចាំបាច់រកវិធីព្យាបាលទេ គឺកាប់ចោលតែម្ដង ដោយត្រៀមសាកយកមែក ឬបំបៅមកដាំជួសវិញ ។ បើទឹកជំនន់ធំលិច មិនត្រូវដើរចូលចំការទេ ទោះបីដាំក្រូចក្ដី និងឈើផ្សេងៗក្ដី លើកលែងតែស្វាយដែលគល់ធំហើយ នោះអាចដើរ ចូលបាន ព្រោះចំពោះកូនឈើស៊ីផ្លែខ្នាតតូច ប្រព័ន្ធឫសវាក៏ខ្សោយដែរ ដែលធ្វើអោយវាងាប់ កាលណាមានការរង្គើ ។
១១ការតាក់តែងឫស
ពេលដាំកូនបាន៤ខែ គឺក្នុងរង្វង់ខែ៨ ពេលនេះយើងស្មានថាឫសវាចេញក្រៅបំពង់បានប្រហែលជា១ចំអាម ។ ត្រូវឈរបែរមុខរក កូនក្រូចយកចបកាប់ទាញដីចំងាយ១ចំអាមពីបំពង់ ជំរៅ១ចំអាមមានមាត់ចង្អូរជិត១គក់ទើបយកអាចម៍គោ ឬជីកំប៉ុស១បង្គីធំ រាយជុំវិញ ទើបកាយដីពីក្រៅលប់លុះត្រាស្មើមាត់រណ្ដៅវិញ ។ យើងកាប់ផ្ដាច់ឫសរបៀបនេះ ដើម្បីអោយឫសវាបែកស្ញេះច្រើន ថែមទៀត ។ យើងពង្រីកចង្អូរកាយដីអោយបានទីទូលាយ ដើម្បីឫសចាក់ចេញឆ្ងាយឆាប់ ។ ដល់ខែ៥ ឆ្នាំទី២ ត្រូវឈរបែរមុខរកកូនក្រូចកាប់ដីចំងាយ៣ចំអាម ពីគល់ ជារង្វង់ជុំវិញ ជំរៅជាង១ចំអាម មានមាត់ចង្អូរ១គក់ ដើម្បីផ្ដាច់ឫស១សារទៀត រួចរាយជីកំប៉ុស៣បង្គី ជ្រុំច្របល់អោយទីទូលាយចេញក្រៅរង្វង់ដែលជីក ទើបជំរះស្មៅលាយដីទាញមកគ្របពូនពីលើថែមទៀត ។ ដីជំរះទាញពូននេះ ត្រូវព្យាយាមច្រើនសារ លុះត្រារង្វង់ធំជាងកង់រទេះ កំពស់ផុតទឹកនារដូវវស្សាដែលតែងតែលិចភាគច្រើនត្រឹមជង្គង់ ។ ធ្វើរបៀបនេះក្រូចយើងច្រើនមិនលិចទឹក តែបើទឹកជំនន់ធំខ្លាំង វិញនោះ ការលិចក៏ឋិតក្នុងរយៈពេលខ្លី ត្រូវគោកផុតទឹកវិញ ។
១២ការតាក់តែងមែក
ក្រូចឃ្វិចមិនអាចកាត់តែងមែក តាមក្បួនដូចស្វាយបានទេ ព្រោះរបៀបបែកខ្នែងវាខុសគ្នាពីស្វាយ ។ ដោយសំណុំដើមក្រូចឃ្វិចរាងមូលត្រសុំ ហើយទងមែកច្រើនចេញខាងស្មើៗ តែងរាងទន់សំយាយ ។ លុះដល់កាន់ផ្លែច្រើន មែកវាជាទូទៅច្រើនទន់ដាបចុះ ។ ដូច្នោះយើងត្រូវកាត់មែកក្រោម១ម៉ែត្រ ចោលទាំងអស់តាងពីនៅតូចៗម្លេះ ។ ត្រូវកាត់ដោយកាំ បិតមុត មិនអោយបែកសាច់ រួចលាបកំបោរស ។ មែកតូចជិតគញនាច្រើន ត្រូវកាត់ចោលខ្លះ ។ មែកបំពង់ត្រូវកាត់ចោល ។ មែកងាប់ចុងបើទុកយូរវានិងចេះតែរាលចូលទៀត ។ បែកខ្វែងគ្នាត្រូវកាត់១ណាតូចជាងគេ ឬ១ណាដែលប្រុងខ្វែងគេទៀត ។ កាត់មែកចុះក្រោមចង្អុលដី ។ កាត់យ៉ាងណាអោយឃើញ ស្រលះពន្លឺថ្ងៃចាំងចូលបាន ។ នៅចុងរដូវប្រាំង គឺពេលដែលវាជិតចេញផ្កា ត្រូវពិនិត្យមើលមែកសសៃញឹកកាត់ចោលខ្លះ ។ គ្រប់មែកបំពង់អោយតែឃើញត្រូវ កាត់ចេញភ្លាម ។ ទំហំមែកពីប៉ុនកូនដៃឡើងបើកាត់ត្រូវលាបកំបោរដោយខានពុំបាន ព្រោះមុខធំ វាក្រសៈ ធ្វើអោយមេរោគចូលបាន ។ កាត់ពេលនេះគឺនៅមុនវាចេញផ្កា ។ ពេលកាត់ផ្លែអស់ ត្រូវកាត់មែក១សារទៀត ហើយបេះផ្លែពីទងណា ទងឆ្មារនោះត្រូវតែកាត់ចេញ ។ កាត់មែកលើកនេះដើម្បីរក្សា កំលាំងដើមកុំអោយបាក់ "អន់" ។ ការកាត់តែងមែកត្រូវកាត់ត្រង់ជិតប្រគាបមែក ដើម្បីអោយសាច់វាដុះខ្ជិបជិតមិនមានរន្ធ ។ បើកាត់មែកឆ្មារត្រូវកាត់ជិតប្រគាបលើស្លឹក ហើយជាស្លឹកចង្អុលមេឃទៀត លុះវាចេញត្រួយថ្មីវា និងដុះសាច់ភ្ជិតរន្ធបានឆាប់ ។ អនុវត្ត ការកាត់ចំកន្លែងរបៀបនេះ ដើមក្រូចទាំងមូលពុំបន្សល់ទុកស្នាមដំបៅយូរឡើយ ។
១៣ការចេញផ្កាដំបូង
បើការដាំបានថែទាំល្អ និងរៀបចដំដីអោយមានជីល្អ នោះនៅឆ្នាំទី៣ ក្រូចអាចមានផ្កាចេញខ្លះ ។
១៤ការចេញផ្កាជាប់ផ្លែ
នៅឆ្នាំទី៤ គួរទុកតែ ៤-៥ គ្រាន់មើលលេងតែប៉ុណ្ណោះ ព្រោះប្រញាប់ទុកផ្លែច្រើន ក្រូចប្រាកដជាអាយុខ្លី ។
នៅឆ្នាំទី ៥-៦ ក៏គ្រាន់តែតំឡើងផ្លែខ្លះតែប៉ុណ្ណោះ កុំអោយកាន់ច្រើននាំឆាប់ងាប់ដើម ។
ពេលចេញផ្កាត្រូវលាយផេះផ្ទី ៣គីឡូ ក្នុងទឹកកន្លះប៉ោតស្រោចគល់ ទើបជាប់ក្ដិបច្រើន ។
ពេលចេញផ្កាត្រូវលាយផេះផ្ទី ៣គីឡូ ក្នុងទឹកកន្លះប៉ោតស្រោចគល់ ទើបជាប់ក្ដិបច្រើន ។- បើមានរលុះទោះតូចក្ដី ធំក្ដី សូមកុំស្ដាយព្រោះនេះជាភាពហួសកំលាំងរបស់វា ។ ពេលរលុះត្រូវកាត់ផ្លែប្រុងរលុះចោលកុំអោយ រលុះទាន់ហើយថែមជីខាងក្រោមសំណុំដើម ត្រង់ចុងសំយាយមែក គឺពង្រាយពួកផ្ទីចំបើង ធាងដូង ជីសំបកខ្ចៅ ព្រមទាំងធ្វើភ្លឺ ទាបៗ ខ្វែងក្រឡាក្នុងទីដាំក្រូច ដើម្បីតំកល់ទឹកភ្លៀងខ្លះៗ ល្មមដក់ ១ ឬ ២ថ្ងៃរីងវិញ ។
យើងកុំទុកអោយវារលុះក្ដិបច្រើនទាន់ គឺពេលចេញផ្កាជាប់ក្ដិបហើយត្រូវតែដាក់ជីទ្រទ្រង់ក្ដិបជាមុន ដោយជញ្ជ្រាំងធាងដូង ធាងចេក ដើមចេក ដើមផ្ទី ជីកំទេចសំបកខ្ចៅ លាសរាយពេញក្រោមដើមនៅភាគ។
១៥ការប្រើជី
វិធីសាស្រ្តប្រើប្រាស់ឈុតជីបំប៉ន PN លើដំណាំក្រូចឃ្វិច
ក. វិធីប្រើប្រាស់ជី PN សំរាប់ត្រាំគ្រាប់
មេជី ៥ម.ល
មេថ្នាំបណ្តេញសត្វល្អិត ៥ម.ល
មេអ័រម៉ូន ៥ម.ល ទឹក ៥លីត្រ
លាយបញ្ចូលគ្នាឲ្យសព្វត្រាំគ្រាប់ ៦-១២ម៉ោង ។
ខ. វិធីប្រើប្រាស់ជី PN លើកូនដំណាំ
ស្រោចលើកទី១ ក្រោយដំណាំដុះបាន ៧ថ្ងៃ
មេជី ១ គំរប មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
មេអ័រម៉ូន ១ គំរប ទឹក ១០លីត្រ
លាយចូលគ្នាឲ្យសព្វស្រោចលើកូនដំណាំ ១សប្តាហ៍ ម្តង
គ. វីធីប្រើជី PN លើដំណាំដាំ ហើយ
ក្រោយពីដាំហើយបានរយៈ ៧-១០ថ្ងៃ ប្រើលើកទី ១
មេជី ២ គំរប
មេថ្នាំបណ្តេញសត្វល្អិត ២ គំរប
មេអ័រម៉ូន ២ គំរប ទឹក ១០លីត្រ
លាយចូលគ្នាឲ្យសព្វយកទៅស្រោច ឬ បាញ់លើដំណាំ ១-២ដង ក្នុង ១ខែ ។
សំយាយចុងមែក ។ ធ្វើយ៉ាងនេះជន្លេនកាន់តែ កើនឡើងច្រើនទៀត ដែលល្អជាងការថែមជីគីមីឆ្ងាយ ។
១៦ការទល់មែក
មែកណាជាប់ផ្លែខ្លាំងត្រូវយកឈើបោះជ្រែងទល់វាផង ព្រោះក្រូចឃិ្វចច្រើនជួបរឿងបាក់រយៈមែក ដោយផ្លែច្រើនហួស ។
១៧ការធ្វើអោយរសផ្អែម
ក្រូចស្រួលអនុវត្តអោយរសផ្អែមណាស់ ព្រោះវាចាស់តំណាលគ្នា ។
មុនបេះ ១០ថ្ងៃត្រូវយកផេះសំបកគ ផេះផ្ទី ផេះធាងដូង ៣គីឡូលាយទឹក១ប៉ោតស្រោចជុំវិញគល់យឺតៗ ។
១៨ការចង់ពន្យាពេលបេះ
បើក្រូចរកកលទំមុនចូលឆ្នាំចិន ឬបុណ្យទានអ្វីនោះយើងអាចស្រោចទឹកច្រើនរហូតអោយដក់ក្រោមដើមជាកំពែង អាចពន្យឺតពេលទំបានប្រហែល ២០ថ្ងៃ ។
១៩ការហូតផល
ត្រូវកាត់យកទាំងទង បញ្ជូនទៅលក់ជារៀងរាល់ថ្ងៃ ។ យកទៅទាំងទងអ្នកទិញមានចំណូលចិត្តជាង ។ ផ្លែដែលមានរសជាតិផ្អែម ហើយអាចកាត់លក់បានជាបណ្ដើរៗ ដោយកុំទុកអោយវាឡើងពណ៌លឿងៗ ទាន់ នាំកកកុញលក់មិនទាន់ ។
ប្រភព៖ Cambodia natural Agricultural Development
0 Comments