សួរស្តីចាស មាននារីៗណាកំពុងធុញទ្រាន់ដែរឬទេ? ឬក៏មាននារីៗណាកំពុងតែចង់តុបតែងខ្លួនឲ្យស្រស់ស្អាត យើងនាំគ្នាមករកអ្វីធ្វើកែអផ្សុកវិញល្អជាង ថ្ងៃនេះសូមណែនាំអំពីវិធីថែរក្សាក្រចកវិញម្តង ព្រោះថាកំឡោះៗខ្លះ ក្រៅពីមើលទៅលើរឿងសក់ និងផ្ទៃមុខហើយ ក្រចកដៃក៏ជាផ្នែកមួយដែលកំឡោះៗពិចារណាផងដែរ ប្រសិនបើនារីណាមានក្រចកស្អាតហើយនោះ កំឡោះៗនឹងឲ្យពិន្ទុដល់នារីម្នាក់នោះថាចេះយកចិត្តទុកដាក់ថែសំអាតខ្លួន និងមានអនាម័យ អញ្ចឹងតោះ!! នារីណាចង់បានពិន្ទុពីកំឡោះៗខ្លះ មកខាងនេះ។
វិធីទី ១ ថែបំប៉នក្រចកដោយទឹកខ្មេះ
មានប្រយោជន៍ច្រើនណាស់ របស់ប្រើប្រាស់នៅជិតខ្លួនក្នុងផ្ទះបាយ មុនលាបពណ៍ក្រចក យកសំឡីជ្រលក់ទឹកខ្មេះមកជូតសំអាតលើក្រចកឲ្យសព្វ រួចហើយចាំឲ្យស្ងួត បើនរណាមិនមានទឹកខ្មេះតែមានក្រូចឆ្មា យកទឹកក្រូចឆ្មាមកលាយជាមួយទឹកធម្មតារួចត្រាំក្រចកបានដូចគ្នា ធ្វើបែបនេះនឹងឲ្យដៃនិងក្រចករបស់យើងទន់ចាស។
វិធីទី ២ ប្រើឈើខាត់ក្រចកឲ្យបានត្រឹមត្រូវ
មុនលាបពណ៍ក្រចកត្រូវខាត់ក្រចកជាមួយនិងឈើខាត់ក្រចកឲ្យបានស្អាតរួចរាល់សិន ចង់បានក្រចកទម្រង់បែបណារើសតាមរូបចាស តែ!ដឹងទេថា ការខាត់ក្រចកឲ្យបានត្រឹមត្រូវនោះគួរខាត់របៀបណា? ក្រោយពីកាត់ក្រចករួចរាល់ហើយ ការខាត់ក្រចកឲ្យបានត្រឹមត្រូវនោះគឺខាត់ទៅតាមទិសដៅតែមួយ (តាមរូបសញ្ញាត្រូវ) ការខាត់រុញទៅរុញមកធ្វើឲ្យក្រចករហែកបាន។
វិធីទី ៣ លាបវ៉ាស្លីននៅជុំវិញក្រចកមុននឹងលាបពណ៍ (ការពារថ្នាំក្រចកប្រឡាក់ដៃ)
រឿងលាបពណ៍ក្រចកឲ្យបានស្អាតដូចអ្នកជំនាញ ឬហាងតាមសាឡនផ្សេងៗ មិនមែនជារឿងលំបាកសំរាប់នារីៗទៀតហើយ គន្លឹះនោះងាយៗសោះ! គឺលាបវ៉ាស្លីននៅលើម្រាមដៃជុំវិញក្រចកជាមុនសិន (ហាមលាបត្រូវចំក្រចកព្រោះលាបពណ៍ក្រចកមិនជាប់) ការលាបវ៉ាស្លីនបែបនេះជួយឲ្យមានភាពងាយស្រួលក្នុងការលាបពណ៍ក្រចក ហើយពេលលាបប្រឡាក់ដៃអាចជូនចេញបានយ៉ាងងាយ ចាប់ពីពេលនេះតទៅនារីៗដែលមិនចេះលាបពណ៍ក្រចកក៏អាចលាបខ្លួនឯងបានដែរ អស់បារម្មណ៍។
វិធីទី ៤ លាប Base Coat ២ ដងតែម្តង
វិធីទី ៤ លាប Base Coat ២ ដងតែម្តង
គ្មាននារីម្នាក់ណាចង់បានក្រចកដៃឡើងពណ៍លឿងទេមែនទេ? តែចូលចិត្តលាបពណ៍ក្រចក យើងមានវិធីការពារក្រចកដៃឡើងពណ៍លឿងបាន ដោយការលាប Base Coat មុនលាបពណ៍ក្រចកនោះឯង ដោយលើកដំបូងឲ្យលាប Base Coat នៅត្រង់ចុងក្រចកជាមុនសិន ព្រោះត្រង់ចុងក្រចកមានសភាពស្តើងជាងគេ បន្ទាប់មកទៀតលាបឲ្យសព្វ ត្រឹមតែប៉ុណ្ណឹងអាចការពារក្រចកមិនអោយឡើងពណ៍លឿងបានហើយចាស។
វិធីទី ៥ ប្រើដៃបង្វិលដបថ្នាំលាបក្រចកជំនួសការក្រឡុក
សួរថា ហេតុអ្វី?ក្រឡុកដបថ្នាំលាបក្រចកទើបជាវិធីដែលមិនត្រឹមត្រូវ ហេតុផលនោះគឺ វាធ្វើឲ្យកើតពពុះ នារីៗធ្លាប់ជួបទេ? ពេលក្រឡុកដបថ្នាំលាបក្រចកហើយបើកមកសុទ្ធតែពពុះ វាធ្វើឲ្យមានពណ៍មិនស្មើរគ្នាពេលលាបនៅលើក្រចក នេះហើយជាចម្លើយ ដូច្នេះហើយ ប្រើវិធីបង្វិលៗមុនពេលលាបពណ៍ក្រចកទៅបានហើយ។
វិធីទី ៦ លាបពណ៍ក្រចកឲ្យចេញពណ៍ស្អាត តើត្រូវធ្វើដូចម្តេច?
ចាប់ផ្តើមលាបក្រចក ក្រៅពីចាប់ផ្តើមត្រង់គល់ក្រចកមុនហើយនោះ ចំនួនដងដែលយើងលាបនៅលើក្រចកនោះក៏សំខាន់ដែរ ព្រោះបើលាបច្រើនដងពេកធ្វើឲ្យថ្នាំក្រាស់មិនរាបស្មើរ ថែមទាំងមិនងាយស្ងួតទៀតផង ដូច្នេះចាប់ផ្តើមលាបពីគល់ក្រចកមកមុន ផ្តើមត្រង់កណ្តាលក្រចក បន្ទាប់មកលាបសងខាងក្រចកបន្ថែមជាការស្រេច។
វិធីទី ៧ កុំភ្លេច Top Coat
ក្រោយពីលាបពណ៍ក្រចកបានស្អាតដូចបំណងហើយនោះ អ្វីដែលសំខាន់មិនចាញ់គ្នានោះ កុំភ្លេចលាប Base Coat នោះគឺ Top Coat ដើម្បីការពារពណ៍ក្រចកឲ្យនៅស្អាតបានយូ ក្រោយពីរង់ចាំពណ៍ក្រចកស្ងួតរួចរាល់ហើយ លាប Top Coat ២ ដងតែម្តង ដោយលើកទី ២ ឲ្យផ្តោតលើចុងក្រចក មើលតាមរូប ព្រោះចុងក្រចកនេះហើយ ថ្នាំងាយនឹងរបកជាងកន្លែងផ្សេងៗ
វិធីទី ៨ ចង់ឲ្យក្រចកស្ងួតបានលឿន បែបមិនប្រើកំលាំងធាតុ
ចង់បានក្រចកស្ងួតលឿនទាន់ចិត្ត នារីៗអាចប្រើកង្ហារឬម៉ាស៊ីនផ្លុំសក់ក៏បាន ចំណែកអ្នកណាដែលប្រាប់ថាប្រើវិធីត្រាំទឹកត្រជាក់ធ្វើឲ្យស្ងួតលឿននោះគឺមិនត្រឹមត្រូវទេ ជាការជឿដែលខុសៗ
វិធីទី ៩ លាហើយក្រចកពណ៍លឿងដោយថ្នាំដុសធ្មេញ
នារីៗដែលចូលចិត្តលាបថ្នាំក្រចកច្បាស់ណាស់ថានឹងជួបបញ្ហាក្រចកលឿងជាមិនខាន ងាយៗ យើងមានវិធីគឺ នៅពេលដែលលាងថ្នាំក្រចកចេញរួច យកថ្នាំដុសធ្មេញប្រភេទដុសធ្មេញសឬថ្នាំដុះធ្មេញរូបមន្ត Whitening ខាត់ក្រចកជំនួសការប្រើសាប៊ូ ជួយកាត់បន្ថយក្រចកលឿងបាន។
វិធីទី ១០ ថ្នាំក្រចកដែលយើងចូលចិត្ត មានពណ៍ស្អាត ទុកនៅកន្លែងត្រជាក់ នឹងប្រើបានយូ
មកដល់វិធីចុងក្រោយហើយចាស ថ្នាំក្រចកដែលយើងពេញចិត្ត មានពណ៍ស្អាត ទិញមកក៏ថ្លៃដែរ ត្រូវតែថែរក្សាបន្តិចហើយចាស មិនចាំបាច់ទុកដល់ក្នុងទូរទឹកកកទេ គ្រាន់តែរក្សាទុកនៅកន្លែងត្រជាក់ស្ងួតហើយមិនមានកំដៅ ឬត្រជាក់ពេក តាមសីតុណ្ហភាពបន្ទប់ក៏អូខេហើយចាស កុំឲ្យតែត្រូវថ្ងៃ ត្រូវខ្យល់ ត្រូវភ្លៀងទៅបានហើយ រៀបចំទុកដាក់ក្នុងប្រអប់ដែលអាចយកមកប្រើប្រាស់បានគ្រប់ពេលវេលា តែប៉ុណ្ណេះយើងនឹងមានថ្នាំលាបក្រចកពណ៍ស្អាតៗទុកប្រើបានយូហើយចាស។
0 Comments