ទេវតាចូលចិត្តជួយមនុស្សទាំង 10 ប្រភេទនេះ


បុគ្គលទាំង 10 ប្រភេទនេះ ទេវតាចូលចិត្តជួយទំនុកបំរុង ថែរក្សាការពារ មានទ្រព្យសម្បត្តិច្រើន មនុស្សគ្រប់រូបមានកម្ម រស់នៅដោយកម្មនិងលទ្ធផលរបស់កម្ម ដូច្នេះយើងមិនគួរទៅជឿងប់ងល់និងរឿងអ្វីផ្សេងទៀតឡើយ តែរឿងទេវតាជារឿងពិត មិនគួរមើលរំលង ដរាបណាយើងមិនទាន់បែកកាយទម្លាយខន្ធ យើងត្រូវពឹងពាក់អ្វីៗគ្រប់យ៉ាងដែលមាន ហើយទេវតាក៏មានទាំងទេវតាឲ្យគុណ និងទេវតាឲ្យទោស ដូច្នេះយើងត្រូវប្រតិបត្តិឲ្យបានត្រឹមត្រូវ ហើយទេវតាដែលនៅជិតស្និទ្ធនិងមនុស្សបំផុតគឺ៖

1-ទេវតាថែរក្សាទីកន្លែងដូចជា ផ្ទះសំបែង ឬហៅថាជំនាងផ្ទះនោះឯង ព្រះភូមិម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សាបន្ទប់ព្រះ ទេវតាថែរក្សាវត្តអារាម ទេវតាថែរក្សាព្រះធាតុចេតី។

2-ទេវតាថែរក្សាវត្ថុរបស់របរ ដូចជា រូបសំណាកព្រះពុទ្ធ វត្ថុសិរីមង្គលដែលយើងប្រើប្រាស់ វត្ថុបុរាណ និងទេវតាថែរក្សាសត្វដែលមានគុណ ដូចជា ដំរី សេះ មានលក្ខណៈពិសេស។

3-ទេវតាប្រចាំខ្លួន មនុស្សគ្រប់រូបមានទេវតាប្រចាំខ្លួនគ្រប់ៗគ្នា ច្រើនឬតិចអាស្រ័យលើផលបុណ្យរបស់បុគ្គលម្នាក់ៗបានសាងមក ប្រសិនបើជាមនុស្សដែលបានធ្វើបុណ្យញឹកញាប់ សូត្រមន្ត ភាវនាធម៍ញឹកញាប់ ទេវតានឹងមកតាមថែរក្សាច្រើនឡើងៗ។

4-រុក្ខទេវតាដែលគង់នៅតាមដើមឈើធំៗ ដើមឈើដែលមានក្លិនក្រអូប ដូចជាដើម ខ្លឹមចន្ទគ្រឹស្នា ឬដើមឈើដែលមានខ្លឹម ទេវតានឹងមកគង់នៅ ដោយមានផ្ទះឬវិមាននៅក្នុងដើមឈើទាំងនោះ ដូច្នេះហើយយើងសង្កេតឃើញថា នៅពេលដែលមានមនុស្សមកកាប់បំផ្លាញដើមឈើទាំងនោះនឹងមានគ្រោះថ្នាក់ផ្សេងៗ ឬក៏មានឮសំឡេងភ្លេងពិនពាទ្យ  ឬសំឡេងមនុស្សជជែកគ្នានៅថ្ងៃសិល្ប៍ ធ្វើឲ្យមនុស្សម្នានាំគ្នាភ័យខ្លាច ហើយនាំគ្នាល្បីថាដើមឈើនេះឬដើមឈើនោះមានខ្មោចកាចសាហាវ តែការពិតជាទេវតាដែលគង់នៅទីនោះ។ ទាំង 4 ចំណុចដែលបានរៀបរាប់ខាងលើនេះគឺជា ទេវតាដែលជិតស្និទ្ធជាមួយនិងមនុស្សលោកបំផុត អាចឲ្យគុណនិងទោសបានច្រើនបំផុត អ្នកដែលប្រតិបត្តិបានត្រឹមត្រូវនឹងមានសេចក្តីសុខ អ្នកដែលប្រមាទមើលងាយ ប្រតិបត្តិមិនបានត្រឹមត្រូវនឹងជួបរឿងក្តៅក្រហាយ។

បុគ្គលទាំង 10 ប្រភេទខាងក្រោមនេះ មានទេវតាតាមជួយថែរក្សា

1-បុគ្គលដែលរក្សាភាពសុចរិតទាំង 3 គឺ កាយសុចរិត វាចាសុចរិត ចិត្តសុចរិត។
2-បុគ្គលដែលមានសទ្ធាជ្រះថ្លា ធ្វើបុណ្យដាក់បាត្រ ថ្វាយបច្ច័យ 4 ដល់អ្នកមានសិល្ប៍។
3-បុគ្គលដែលមានការគោរពចំពោះមាតា។
4-បុគ្គលដែលដល់នូវ ត្រៃសរណគមន៍ ព្រះពុទ្ធ ព្រះធម៍ ព្រះសង្ឃ ជាទីពឹងទីរឭក។
5-បុគ្គលដែលមានការគោរពចំពោះ គ្រូបាធ្យាយ មនុស្សចាស់ មនុស្សដែលមានសិល្ប៍។
6-បុគ្គលដែលរក្សាសិល្ប៍ 5 និង សិល្ប៍ 8 ជានិច្ច។
7-បុគ្គលដែលមានការគោរពចំពោះបីតា។
8-បុគ្គលដែលបានធ្វើបុណ្យរួចហើយឧទ្ទិសបុណ្យកុសលជូនចំពោះទេវតា និង ប្រែត។
9-ស្ត្រីដែលគោរពដល់ស្វាមី គ្រប់ទិវារាត្រី មិនប្រមាថមើលងាយ។
10-បុគ្គលដែលមានសេចក្តីអនុគ្រោះដល់ បុត្រ ភរិយា ញាតិសន្តានដោយក្តីមេត្តាករុណា។

បុគ្គលទាំង 10 ប្រភេទនេះមានគុណណាស់ បង្កើតនូវសេចក្តីសុខ សេចក្តីចំរើនដល់ខ្លួនឯងផ្ទាល់ និងមនុស្សដ៏ទៃទៀតផងដែរ។

Post a Comment

0 Comments