សព្វថ្ងៃនេះបច្ចេកវិទ្យាផ្សេងៗ ទាំងអស់បានអភិវឌ្ឍយ៉ាងឆាប់រហ័សដែលមនុស្សខ្លះប្រហែលជាតាមមិនទាន់ផងក៏ថាបាន ហើយសម្រាប់អ្នកដែលមានអាយុលើសពី ២០ ឆ្នាំពួកគេនឹងឃើញការអភិវឌ្ឍនិងការផ្លាស់ប្តូរបច្ចេកវិទ្យាផ្សេងៗក្នុងរយៈពេល 10-20 ឆ្នាំចុងក្រោយដែលត្រូវបានគេចាត់ទុកថាជារយៈពេលដែលបច្ចេកវិទ្យាអភិវឌ្ឍទៅមុខយ៉ាងលឿនបំផុត។ ថ្ងៃនេះសូមអញ្ជើញលោកអ្នករំលឹកដល់ 7 បច្ចេកវិជ្ជា ចាប់ពីម្សិលមិញរហូតដល់ថ្ងៃនេះ ថាតើមានការផ្លាស់ប្តូរខ្លាំងប៉ុណ្ណា សំរាប់អ្នកដែលកើតមិនទាន់ក៏នឹងបានដឹងបានស្គាល់ទាំងអស់គ្នា។
ទូរស័ព្ទដៃ
នៅចាំទូរស័ព្ទដៃទំហំប៉ុនធុងទឹកកកបានទេ? ក្រោយមកទៀតអ្នកផលិតក៏ចាប់ផ្តើមអភិវឌ្ឍឲ្យមានខ្នាតតូចដែលអាចដាក់តាមខ្លួនបាន ហើយកាន់តែតូចឡើងៗម្តងបន្តិចៗ រួមទាំងអភិវឌ្ឍពីអេក្រង់ ស-ខ្មៅ មកជាអេក្រង់ពណ៍ តែនៅពេលចាប់ផ្តើមចូលដល់សម័យស្មាតហ្វូន ក៏ចាប់ផ្តើមមានការអភិវឌ្ឍទំហំអេក្រង់កាន់តែធំឡើងៗជាលំដាប់ ថែមទាំងមានកម្មវិធីផ្សេងៗនិងលេងអ៊ីនធឺណិតបានថែមទៀត រហូតដល់បច្ចុប្បន្នអាចធ្វើជំនួញផ្សេងៗតាមរយះទូរស័ព្ទដៃបានទៀតផង។
ទូរទស្សន៍
ពីទូរទស្សន៍កញ្ចក់សខ្មៅដែលត្រូវបានបង្កើតឡើងជាទូរទស្សន៍ពណ៌អមដោយអេក្រង់រាបស្មើររហូតដល់អេក្រង់ LCD / LED នាពេលបច្ចុប្បន្ន ថែមទាំងមានការអភិវឌ្ឍទំហំអេក្រង់ និងមានរូបភាពកាន់តែច្បាស់ឡើងៗ មានទាំងអេក្រង់ 3D និងអាចប្រើប្រាស់អ៊ីនធឺណិតបាន ឬសូម្បីតែកម្មវិធីផ្សេងៗក៏អាចប្រើបាន រហូតមកដល់ពេលបច្ចុប្បន្ននេះអាចភ្ជាប់ជាមួយទូរស័ព្ទចល័តឬកុំព្យូទ័របានថែមទៀតផង ធ្វើឱ្យមានភាពងាយស្រួលកាន់តែខ្លាំង។
ឧប្បករណ៍ផ្ទុកទិន្នន័យនិងការកំសាន្ត
កាលពីសម័យមុនឧប្បករណ៍ផ្ទុកទិន្នន័យនិងការកំសាន្ត ខ្សែភាពយន្ត ឬបទចំរៀងនឹងរក្សាទុកនៅក្នុងកាសែត តែនៅពេលដែលចូលមកដល់សម័យឌីជីថល ត្រូវបានផ្លាស់ប្តូរមកជាបន្ទះ Optical Disc (CD/DVD/Blu-ray) ហើយថ្មីៗនេះមានការទស្សនាខ្សែភាពយន្តនិងតន្ត្រីតាមអ៊ិនធរណេត ការពិតទៅធ្លាប់មានបន្ទះ MD របស់ក្រុមហ៊ុនសូនី មានគុណភាពល្អ តែមនុស្សភាគច្រើនបានភ្លេចបាត់ទៅហើយ ដូច្នេះការផ្លាស់ប្តូរនេះធ្វើឲ្យមានផលប៉ះពាល់ដល់មុខជំនួញជាច្រើន ដែលពាក់ព័ន្ធ ដូចជា ហាងជួលកាសែតវីដេអូ ហាងលក់បន្ទះស៊ីឌីនោះឯង។
ឧប្បករណ៍ផ្ទុកទិន្នន័យកុំព្យូទ័រ
ថាសរឹង (ហាដឌិស្ហ) សម័យមុនមានទំហំធំសំបើមណាស់ហើយមានតំលៃថ្លៃ តែមានចំណុះតិចតួចបំផុត ហើយនិងបន្ទះ Floppy Disk ដ៏សែនបុរាណ ដែលមានការប្រើប្រាស់យ៉ាងទូលំទូលាយនោះ មានចំណុះត្រឹមតែ 1.44 Mb ប៉ុណ្ណោះ សាកប្រៀបធៀបជាមួយសម័យបច្ចប្បន្ន មានចំណុះរាប់រយ GB មានទំហំប៉ុនក្រចកដៃតែប៉ុណ្ណោះ ថែមទាំងបច្ចុប្បន្ននេះមានការអភិវឌ្ឍប្រព័ន្ធ Cloud ដែលអាចរក្សាទុកទិន្នន័យបានមហាសាល និងអាចចូលដល់ទិន្នន័យពីគ្រប់ទីកន្លែងត្រឹមតែមានអ៊ីនធឺណិតតែប៉ុណ្ណោះ។
ម៉ាស៊ីនលេងហ្គេម
កាលពីនៅក្មេងៗអ្នកដែលចូលចិត្តលេងហ្គេមច្បាស់ជាបានស្គាល់ហ្គេមសម័យប្រើប្រអប់កាសែតយ៉ាងពិតប្រាកដ ព្រមជាមួយដៃហ្គេមដែលមានប៊ូតុងចុចមិនប៉ុន្នានប៊ូតុងតែប៉ុណ្ណោះ តែនៅពេលដៃលសម័យកាលផ្លាស់ប្តូរ ពីការប្រើប្រាស់កាសែតមកប្រើជាបន្ទះ Optical Disc ដៃហ្គេមក៏ចាប់ផ្តើមមានប៊ូតុងចុចកាន់តែច្រើនឡើង ថែមទាំងរូបភាពក្រាហ្វិកកាន់តែស្អាតដូចពិតៗកាន់តែខ្លាំង រហូតដល់បច្ចុប្បន្នមានបច្ចេកវិជ្ជា VR ចូលមកបន្ថែមធ្វើឲ្យការលេងហ្គេមកាន់តែដូចសភាពពិតៗប្រៀបដូចជាយើងបានចូលទៅក្នុងហ្គេមពិតៗ។
អ៊ីនធឺណិត
វាគួរឲ្យធុញទ្រាន់នៅពេលលេងអ៊ីនធឺណិតត្រូវមកអង្គុយចាំការតភ្ជាប់ ពេលខ្លះការក៏ភ្ជាប់ក៏ពិបាក យឺតក៏យឺតមានល្បឿនត្រឹមតែ 56K ពេលទូរស័ព្ទរោទិ៍អ៊ីនធឺណិតដាច់ តែសម័យនេះល្បឿនអ៊ីនធឺណិតមានល្បឿនទៅដល់ 10-100Mbps ទៅហើយ ខ្សែទូរស័ព្ទក្លាយទៅជាខ្សែអប់ទិចល្បឿនលឿន ចង់ទាញយកអ្វីៗក៏លឿន ថែមទាំងតំលៃអ៊ីនធឺណិតមានតំលៃថោកជាងសម័យមុនទៀតផង។
ម៉ាស៊ីនថតរូប
ម៉ាស៊ីនថតរូបសម័យមុនប្រើហ្វិល (Fil̒m) នៅក្នុងការផ្តិតយករូពភាព ហ្វិលមួយដុំថតរូបបានជាង 30 រូប ថតរូចត្រូវយកទៅឲ្យហាងថតរូបផ្តិតរូបឲ្យ រូបភាពចេញមកមិនស្អាតក៏ត្រូវតែធ្វើចិត្ត ព្រោះពេលថតមិនអាចមើលគំរូបាន តែចូលមកដល់សម័យម៉ាស៊ីនថតឌីជីថលបញ្ហាទាំងនោះក៏លែងមាន មិនចាំបាច់ប្រើហ្វិល ផ្ទុករូបភាពក្នុងមេម៉ូរី រូបថតមិនស្អាតមិនត្រូវចិត្តលុបចោលថតថ្មីទៀត ថ្មីៗនេះមានម៉ាស៊ីនថតរូបដែលអាចភ្ជាប់ជាមួយអ៊ីនធឺណិតបាន ថតរួចភ្លាមអាចបង្ហោះលើបណ្តាញសង្គមបានភ្លាម។
0 Comments